អំពីប្រវត្តិព្រះពុទ្ធឃោសៈ
រៀបរៀងដោយ ឈន អៀម
ព្រះពុទ្ធឃោសៈ
គឺជាអដ្ឋកថាចារ្យ ដ៏ល្បីល្បាញ់បំផុត នៃលទ្ធិពុទ្ធសាសនាថេរវាទ។
លោកកើតនៅក្នុងប្រទេសឥណ្ឌា និង ត្រូវបានចញ្ចឹមបីបាច់តាមប្រពៃណីព្រាហ្មណ៍។
លោកបានចេះដឹងអក្សរសាស្រ្តឥណ្ឌាយ៉ាងច្បាស់លាស់ ហើយចេះយ៉ាងស្ទាត់ជំនាញនូវប្រព័ន្ធវេយ្យាករណ៍នៃភាសាបាណិនិ។
មុនពេលលោកចូលកាន់ពុទ្ធសាសនា, លោកគឺជាអ្នកប្រតិបត្តិតាមប្រព័ន្ធបតញ្ជលី។
លោកមិនគ្រាន់តែចេះយោគៈបុណ្ណោះទេ, ប៉ុន្តែលោកចេះទាំងប្រព័ន្ធសំខ្យាផងដែរ។
លោកបានសិក្សាយ៉ាងល្ងិតល្អន់អក្សរសាស្ត្រអភិធម្ម។
លោកបានបង្កើតចំណេះដឹងយ៉ាងសម្បូរផ្ដល់ឱ្យអក្សរសាស្ត្រពុទ្ធនិយម ដោយបានទាញយកសម្ភារៈខ្លឹមសារថ្មីៗពីប្រភពដទៃទៀត។
លោកបានសិក្សាយ៉ាងស្ទាត់ជំនាញនូវអក្សរសាស្ត្រប្រទេសសីឡង់ (ស្រីលង្កា)
ហើយជាអ្នកប្រាជ្ញម្នាក់ដ៏មានកេរិ៏្ដឈ្មោះល្បីល្បាញបំផុតនៃវត្តមហាវិហារ
នៅអនុរាធបុរៈ ។ លោកបានសិក្សាលទ្ធិពុទ្ធសាសនាយ៉ាងជ្រៅជ្រះហើយជាអ្នកគាំទ្រដ៏ចម្បងម្នាក់នៃលទ្ធិពុទ្ធសាសនា។
លោកក៏បានចេះដឹងលទ្ធិពុទ្ធសាសនាមហាយានដែរ ដែលលោកទុកជាវេទល្លវាទ ឬវេទុល្លវាទ
ហើយលោកក៏បានចេះចាំទស្សនវិជ្ជាដ៏ចម្បងរបស់ពុទ្ធសាសនាមហាយាន
ដែលលោកទុកជាលទ្ធិនៃមហាសុញ្ញតាវាទ (The great void)។
នៅក្នុងអដ្ឋកថារបស់លោកព្រះពុទ្ធឃោសៈ បានបញ្ចូលយ៉ាងច្រើន និង
យ៉ាងសំខាន់នូវរឿងនិទាន, រឿងល្បើក, រឿងប្រជាប្រិយ និង ប្រពៃណី, ប្រវត្តិសាស្ត្រ
និងជីវប្រវត្តិ, ក្រៅពីពាក្យបកស្រាយផ្ទាល់មាត់ និងការពិភាក្សាខាងទស្សនវិជា្ជ។
អដ្ឋកថារបស់លោកត្រូវបានគេចាត់ទុកជាឃ្លាំងដ៏ធំមួយ
ដែលអ្នកប្រវត្តិសាស្រ្តនៃសង្គមវិជ្ជាឥណ្ឌាបុរាណ អាចទាញយកខ្លឹមសារមិនចេះអស់
មិនចេះហើយ។
លោកស្រី រិស ដាវីដ (Mrs. Rhys Davids), មានប្រសាសន៍ថាព្រះពុទ្ធឃោសៈ ហាក់ប្រដូចបាននឹងពួកទស្សនវិទូអីរ៉ុប
មុនលោកហ៊ូម (Hume) និងលោកហាតឡេ (Hartley), បើនិយាយទាក់ទងនឹងបញ្ហាញាណតំណាង (Representative cognition)ឬបញ្ហាភ្ជាប់មតិមួយទៅមតិមួយទៀត តាមការរំលឹកឃើញ (The association of ideas)។ ដរាបណាពុទ្ធសាសនានៅតែជាជំនឿប្រចាំជីវិតក្នុងចំណោមមនុស្សជាតិ,
ដរាបនោះព្រះពុទ្ធឃោសៈ នឹងនៅតែត្រូវបានគេរំលឹកគុណដោយសេចក្ដីគោរព
និងកតញ្ញូតាធម៌ជាដរាប។ លោកបានធ្វើអ្វីៗទាំងអស់សម្រាប់ព្រះត្រៃបិដកជាភាសាបាលី ដូចជាអ្វីៗទាំងអស់ ដែលលោកសាយនៈ (Sayana) បានធ្វើសម្រាប់អក្សរសាស្ត្រវេទ ឬ
លោកសិលង្កាធ្វើសម្រាប់អាគមសាសនាជេន (the jain Agama) ដូច្នោះ។
ស្នាដៃរបស់លោកគឺជាកិច្ចការមួយដ៏មានប្រយោជន៍ណាស់។
លោកមានព្រះជន្មវែងដើម្បីបានឃើញការងាររបស់លោកទទួលរង្វាន់ និងដើម្បីបានទទួលក្រេបនូវកិត្តិស័ព្ទដ៏ទូលំទូលាយ
ដែលោកស័ក្តិសមទទួលបំផុត។
យោងតាមប្រពៃណី ជំនឿរបស់ភូមា,
គេបាននិយាយថាព្រះពុទ្ធឃោសៈបានកើតនៅក្នុងប្រទេសឥណ្ឌាភាគខាងជើង ក្នុងសតវត្សទី៥
នៃគ្រឹស្តសករាជ។ នៅមិនឆ្ងាយប៉ុន្មានពីដើមពោធិ៍ដ៏ធំមួយដើមនៅគយា មានភូមិមួយឈ្មោះឃោសៈ
ឬ ឃោសគាម, ពីព្រោះភូមិនេះត្រូវបានពួកគង្វាលគោដ៏មានក្នាយ៉ាងច្រើនរស់នៅយ៉ាងគឹកកង។
ពេលនោះមានស្ដេចមួយអង្គសោយរាជ្យ ទ្រង់មានព្រាហ្មណ៍បុរោហិតម្នាក់ឈ្មោះ កេសី។
ភរិយារបស់ព្រាហ្មណ៍កេសី ឈ្មោះនាង កេសនី។ ព្រះពុទ្ធឃោសៈ គឺជាបុត្ររបស់លោកទាងពីរនោះ។
ឈ្មោះរបស់លោកគឺឃោសៈ។ នៅពេលនោះ គេពិបាកយល់ដឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធណាស់
ពីព្រោះពាក្យប្រៀនប្រដៅនោះត្រូវបានគេសរសេរជាភាសាសីហឡៈ។
គេនិយាយថាកាលនោះឃោសៈទើបតែមានអាយុប្រាំពីរឆ្នាំ,
លោកបានចេះចាំយ៉ាងស្ទាត់វេទទាំងបី។ ព្រាហ្មណ៍កេសី
ជាអ្នកបង្រៀនចំណេះនៅក្នុងគម្ពីរវេទ។ ថ្ងៃមួយលោកបានទៅគាល់ព្រះរាជា
ជាមួយនឹងកូនរបស់លោក, ហើយនៅពេលកំពុងបង្រៀនព្រះរាជា, លោកបានប្រទះវគ្គមួយ
ដែលនៅក្នុងនេះ មានបង្កប់ចំណុចអាថ៌កមបាំងមួយចំនួន។
លោកពុំអាចបកស្រាយសេចក្ដីនៃអត្ថបទនោះបានហើយក៏សុំព្រះរាជានុញ្ញាតត្រឡប់មកផ្ទះវិញ។
ឃោសៈបានជួយឪពុកគាត់ឱ្យរកឃើញអត្ថន័យកំបាំងរបស់ចំណុចទាំងឡាយនោះ ហើយព្រាហ្មណ៍កេសី
មានសេចក្ដីត្រេកអរយ៉ាងខ្លាំង។
ឃោសៈ
បានទូលសុំព្រះមហាថេរមួយអង្គ ឱ្យលោកសូធ្យវេទទាំងបី (ត្រៃវេទ)។ ឃោសៈបានស្ដាប់ហើយ
បានជាប់ស្នេហ៍ចំពោះការសូធ្យវេទរបស់ព្រះមហាថេរ ហើយក៏ចង់ដឹងពីជំនឿប្រតិបត្តិរបស់លោក។
ពេលនោះព្រះមហាថេរ ក៏ចាប់សូធ្យខ្លឹមសារនៃព្រះអភិធម្ម, ដោយយោងជាពិសេសដល់កុសលា ធម្មា,
អកុសលា ធម្មា, អព្យាកតា ធម្មា។ ព្រះមហាថេរក៏បានពន្យល់ផងដែរ នូបញ្ហាពិបាកខ្លះៗ
នៃទស្សនវិជ្ជាពុទ្ធសាសនា។
ក្នុងពេលកំពុងស្ដាប់សេចក្ដីបកស្រាយបំភ្លឺព្រះធម៌របស់ព្រះពុទ្ធ,
ឃោសៈមានសេចក្តីរីករាយយ៉ាងធំធេង
ហើយបន្ទាប់មកក៏បានជម្រាបឪពុកម្តាយអំពីបំណងរបស់ខ្លួនដើម្បីបោះបង់ជីវភាពជាគ្រហស្ថ។
ឃោសៈបាននិយាយថា៖ « ខុំ្ញនឹងសុំផ្នួសពីព្រះមហាថេរ រៀនសូធ្យធម៌របស់ព្រះពុទ្ធ,
ហើយបន្ទាប់មក ខុំ្ញនឹងត្រឡប់មកផ្ទះវិញ, ហើយសឹក »។
ឃោសៈត្រូវបានបំបួសហើយទទួលតចបញ្ចកកម្មដ្ឋាន ។ លោកក៏ចាប់ជញ្ជឹងពិចារណាលើធម៌នេះហើយបានក្លាយជាអ្នកតាំងនៅស៊ប់ក្នុងព្រះត្រៃសរណគមន៍។
ក្រោយមកលោកបានប្រតិបត្តិកាន់សីលដប់
ដោយមានជំនឿរឹងមាំក្នុងព្រះធម៌របស់ព្រះដ៏មានព្រះភាគ។
យោងតាមគម្ពីរសទ្ធម្មសង្គហៈ,
គេនិយាយថាគឺព្រះរេវតត្ថេរទេដែលបានបំពួសឃោសៈ ក្រោយលោកបានប្ដូរជំនឿងាកមកជឿក្នុងពុទ្ធសាសនា។
ឃោសៈបានត្រាច់រង្គាត់ពាសពេញជម្ពូទ្វីប
ហើយបានផ្ចាញ់មនុស្សគ្រប់គ្នាដោយបានឆ្លើយដោះស្រាយសំណួរទាំងឡាយ
ដែលគេបានចោទសួរចំពោះលោក។ បន្ទាប់មក លោបានចូលទៅកាន់វត្តមួយ
ដែលជាទីស្នាក់អាស្រ័យនៅរបស់ភិក្ខុសង្ឃេជាច្រើន,
ក្នុងចំណោមនេះ ព្រះរេវតត្ថេរគឺជាប្រមុខគេ។
ថ្ងៃមួយឃោសៈកំពុងសូធ្យមន្រ្តៈ ហើយព្រះថេរៈបានស្ដាប់ឮការសូធ្យរបស់គាត់
រួចមានពុទ្ធដីកាថា : “ អ្នកណាគេ កំពុងស្រែកដូចពពែ ? ឃោសៈបានឆ្លើយតបថា : “
នែភិក្ខុ, តើលោកយល់អត្ថន័យបង្កប់នៅក្នុងសម្រែកពពែនេះ ឬ ទេ ?”
ព្រះថេរៈមានពុទ្ធដីកាថា : “ ចម្រើនពរអាត្មាដឹង
“ ។
ភ្លាមនោះឃោសៈក៏បានសួរបញ្ហាដ៏អាថ៌កំបាំងទាំងឡាយទាក់ទងនឹងវេទទាំងបី, ឥតិហាសៈ,
- ល - ។
ព្រះថេរៈបានឆ្លើយបកស្រាយបញ្ហាទាំងនោះយ៉ាងត្រឹមត្រូវ។ ព្រះថេរៈបានចោទសំណួរមួយចំពោះឃោសៈវិញ
ដែលលោកបានស្រង់ចេញមកពីចិត្តយមកៈ នៅក្នុងគម្ពីរយមកៈ ។ ឃោសៈមិនអាចឆ្លើយសំណួរនោះបាន
ហើយក៏សុំបួសក្នុងសំណាក់ព្រះរេវតត្ថេរ ។
ព្រះថេរៈបានបំបួសឃោសៈជាសាមណេរ ហើយទទួលលោកយកជាសិស្ស ។ ម្ដងនោះ, សាមណេរឃោសៈ បានមានគំនតមួយកើតឡើង
អំពីឧត្តភាពនៃចំណេះរបស់លោក បើប្រៀបផ្ទឹមទៅនឹងចំណេះដឹងរបស់ឧបជ្ឈាយ៍លោក ។
ឧបជ្ឈាយ៍ទតយល់គំនិតរបស់សាមណេរឃោសៈហើយមានពុទ្ធដីកាទៅកាន់សាមណេរនោះថា :
“ បើលោកគិតដូចនេះ, លោកឯងមិនសមសក្តិជាសិស្សរបស់ខុំ្ញទេ” ។
ឃោសៈក៏បានសុំឱ្យព្រះថេរៈខមាទោស ។
ព្រះឧបជ្ឈាយ៍បានឆ្លើយតបថា : “ ខុំ្ញព្រះករុណានឹងអត់ទោសឱ្យលោក
ប្រសិនបើលោកព្រមនិមន្តទៅកាន់ប្រទេសសីឡង់,
ហើយបកប្រែព្រះធម៌របស់ព្រះសម្ពុទ្ធពីភាសាសីហឡៈទៅជាភាសាមាគធី “ ។ ឃោសៈទទួលព្រមនិមន្តទៅកាន់ប្រទេសសីឡង់, ក្រោយពេលលោកបានជម្រះជំនឿខុសឆ្គងរបស់ញោមប្រុសជាឪពុកលោករួចហើយ
។
លោកបាននិមន្តទៅជួបញោមជាឪពុកលោកដែលបានដេញដោលសួរថា តើលោកចង់ក្លាយខ្លួនទៅជាគ្រហស្ថឥឡូវនេះ
ឬយ៉ាងណា? ឃោសៈឋិតនៅស្ងៀម
ហើយកំពុងសាកល្បងរកមធ្យោបាយធ្វើឱ្យឪពុករបស់លោកព្រមលះបង់ជំនឿខុសរបស់គាត់ ។ លោកបានសម្រេចជោគជ័យក្នុងកិច្ចការនេះ
ហើយឪពុករបស់លោកបានបោះបង់ជំនឿខុសរបស់គាត់ ហើយបានក្លាយទៅជាអ្នកដើរតាមព្រះពុទ្ធវិញ ។
ក្រយយពេលបានធ្វើឱ្យឪពុកលោក
តាំងនៅស៊ប់ក្នុងសោតបត្តិផលរួចហើយ, ឃោសៈបានត្រឡប់មកជួបព្រះឧបជ្ឈាយ៍វិញ។ គ្រាន់តែបានទទួលការអនុញ្ញាតពីឧបជ្ឈាយ៍ភ្លាម
លោកបានចុះសំពៅនិមន្តទៅកាន់ប្រទេសសីឡង់។
នៅតាមផ្លូវលោកបានជួបព្រះថេរៈពុទ្ធទត្តៈ ដែលកាលនោះលោកកំពុងត្រឡប់ពីលង្កា (សីឡង់)
ទៅកាន់ជម្ពូទ្វីបវិញ។
នៅតាមផ្លូវទៅកាន់ប្រទេសសីឡង់ មុនពេលលោកបានជួបព្រះថេរៈពុទ្ធទត្តៈ, ឃោសៈបាននិមន្តមកដល់នាគបដ្តនៈ ។ ថ្ងសមួយ, នាយកនៃសង្ឃនៅទីនោះ
មិនអាចពន្យល់ឱ្យបានច្បាស់នូវអត្ថន័យនៃចំណុចអាថ៌កំបាំងមួយ ។ ឃោសៈបានចេះដឹងទាំងអស់អំពីចំណុចនោះ ។ ព្រះសង្ឃនាយកកោតសរសើរយ៉ាងខ្លាំង
ហើយក្រោយបានសាកសួរពត៌មានសព្វគ្រប់ហើយ ក៏សុំឱ្យលោកបង្រៀនបិដកទាំងបីដល់ពួកភិក្ខុ
។ ឃោសៈបានប្រកែក
ហើយបានទូលព្រះសង្ឃនាយកអំពីគោលបំណងនៃការនិមន្តមកកាន់កោះលង្កា ។
ភ្លាមនោះព្រះសង្ឃនាយកបានសុំឱ្យឃោសៈសរសេរអត្ថបទមួយ ស្ដីពីអត្ថន័យនៃគាថា
ដែលព្រះពុទ្ធទ្រង់បានសំដែងទាក់ទងនឹងបិដកទាំងបី ។ ឃោសៈបានយល់ព្រម ហើយគេនិយាយថា
គ្រាន់តែលោកឆ្លើយទទួលថាព្រមភ្លាម, លោកក៏ចាប់សរសេរ
រួចបញ្ចប់គម្ពីវិសុទ្ធិមគ្គក្នុងថ្ងៃរសៀលនោះ ។
ក្រោយពេលបានសរសេរវិសុទ្ធិមគ្គរួចហើយ លោកក៏សិងលក់ទៅ ។ សក្កៈ, ស្ដេចនៃទេវៈ
គឺព្រះឥន្ទបានលួចយកគម្ពីរនោះ ។ ឃោសៈក៏សរសេរគម្ពីរនេះម្ដងទៀតក្រោមពន្លឺចង្កៀង
។ សក្កៈក៏មកលួចយកគម្ពីរនោះជាលើកទីពីរ
។ ឃោសៈរកមិនឃើញគម្ពីរនោះទៀត
ក៏សរសេរជាលើកទីបី ហើយក៏សិងលក់ទៅ ដោយបានចងអត្ថបទសរសេរដៃនោះជាប់ទៅនឹងស្បង់
ដែលលោកស្លៀក ។ ពេលនោះ, សក្កៈបានទុកកម្ពីរដែលលោកបានលួចនោះនៅខាងលើព្រះកេសរបស់លោកដែលកំពុងសិង
។ ឃោសៈមានព្រះទ័យសោមនស្សណាស់ នៅពេលតើនឡើង
ដោយបានឃើញគម្ពីរបស់លោកវិញ រួចក៏បង្ហាញគម្ពីរាំងបីច្បាប់ចំពោះព្រះសង្ឃនាយក ។ ពេលនោះ គម្ពីរទាំងបីត្រូវបានគេយកមកសូធ្យ ។ គេឃើញថាគម្ពីរទាំងបី គឺជាអត្ថបទចម្លងដូចគ្នាបេះបិទ
ពីមួយទៅមួយក្នុងគ្រប់សេចក្ដីលំអិត ។
ព្រះសង្ឃនាយកគាប់ព្រះទ័យខ្លាំងណាស់ ហើយក៏បានផ្ដល់ការអនុញ្ញាតដល់ព្រះឃោសៈ
ឱ្យប្រែព្រះពុទ្ធឱវាទពីភាសាសីហឡៈទៅជាភាសាមាគធី ។
លោកបានសរសើរអំពីគុណសម្បត្តិរបស់ព្រះឃោសៈ ហើយចាប់ពីពេលនោះមក
ព្រះឃោសៈបានក្លាយជាអ្នកមានកិត្តស័ព្ទល្បីល្បាញថាជាព្រះពុទ្ធឃោសៈនៅក្នុងចំណោមអ្នកស្រុកនៃប្រទេសសីឡង់
។ ក្នុងអំឡុងពេលឋិតនោក្នុងប្រទេសសីឡង់
ព្រះពុទ្ធឃោសៈបានគង់នៅក្នុងជាន់ខាងក្រោមនៃអគារប្រាំពីរជាន់
ជាទីដែលលោកបំពេញកិច្ចការបកប្រែប្រចាំថ្ងៃ នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ លោក ស្ពេន ហារឌី (Spence Hardy) បានរៀបរាប់ថា, ព្រះពុទ្ធឃោសៈគង់នៅក្នុងគន្ថាគារវិហារដាច់ពីគេឯង,
លោកជាប់រវល់តែនឹងការបកប្រែឱ្យស្រប់តាមក្បួនវេយ្យាករណ៍នៃភាសាមាគធី
ដែលជាឫសគល់នៃភាសាទាំងអស់ (មូលភាសា), នូវអដ្ឋកថា ជាភាសាសីហឡៈទាំងមូល ទៅជាភាសាបាលី
។ ក្នុងពេលលោកគង់នៅប្រទេសសីឡង់ លោកតែងចេញទៅក្រៅដើម្បីបិណ្ឌបាតរៀងរាល់ព្រឹក
ហើយរើសយកស្លឹកត្នោតដែលជ្រុះ សម្រាប់សរសេរលើស្លឹកត្នោតនោះ ។ នេះគឺជាការកត់សំគាល់របស់អ្នកលក់ទឹកត្នោតម្នាក់ (a
toddy seller) ដែលបានឃើញលោកសរសេរជាក់ស្ដែងលើស្លឹកត្នោតនោះ ។ ថ្ងៃមួយ, អ្នកលក់ទឹកត្នោតបានយកអាហារពេញមួយថូ
ហើយប្រគេនអាហារនោះចំពោះព្រះពុទ្ធឃោសៈ,
ប៉ុន្តែព្រះពុទ្ធឃោសៈបានសុំឱ្យគាត់ឡើងទៅជាន់លើ
ហើយប្រគេនអាហារនោះចំពោះព្រះមហាថេរៈដែលគង់នៅទីនោះវិញ ។ អ្នកលក់ទឹកត្នោតបានធ្វើតាម
ហើយបានជួបនឹងព្រះថេរៈដែលគង់បន្ទប់ខាងលើ ដែលលោកមានពុទ្ធដីកាថា : “ ព្រះពុទ្ធឃោសៈ
ទើបស័ក្ដិសមទទួលអាហារនេះជាងអាត្មាភាពទាំងឡាយនេះ ។
ជារៀងរាល់ថ្ងៃ លោកតែងបកប្រែព្រះធម៌របស់ព្រះពុទ្ធ ពីភាសាសីហឡៈទៅជាភាសាមាគធី
។ ចូរអ្នកប្រគេនអាហារនេះទៅលោកវិញ “
។
អ្នកលោក់ទឹកត្នោតគ៏បានធ្វើតាមយ៉ាងនោះ ។
កិច្ចការបកប្រែរបស់ព្រះពុទ្ធឃោសៈត្រូវបានបញ្ចប់
តាមដែលគេនិយាយថាតែក្នុងរយៈពេលបីខែប៉ុណ្ណោះ ។
ព្រះសង្ឃនាយក បានពោលសរសើរព្រះពុទ្ធឃោសៈយ៉ាងច្រើន
ហើយក៏បានដុតចោលស្នាដៃទាំងអស់សរសេរជាភាសាសីហឡៈ ដោយព្រះថេរៈមហិន្ទៈ ។
ព្រះពុទ្ធឃោសៈបានសុំសេចក្ដីអុញ្ញាតពីព្រះសង្ឃនាយក និមន្តត្រឡប់ទៅស្រុកវិញ
នឹងបានទៅជួបឪពុកម្ដាយលោក ។
នៅពេលលោកត្រៀមខ្លួនហៀបតែនឹងចេញដំណើរ, ស្រាប់តែមានភិក្ខុជាតិសីហឡៈខ្លះបាននិយាយអាក្រក់ពីលោក
ដោយពោលពាក្យថា លោកឥតចេះភាសាសំស្រ្កឹតទេ ។
នៅក្នុងកណ្ដាលទីជំនុំសង្ឃ,
ព្រះពុទ្ធឃោសៈបានឡើងលើវេទិកានិយាយយ៉ាងស្ទាត់ជំនាញ
ដើម្បីបង្ហាញពីចំណេះខាងសំស្រ្កឹតរបស់លោក ។
តាំងពីពេលនោះមក ភិក្ខុទាំងឡាយក៏អស់សេចក្ដីសង្ស័យចំពោះជំណេះដឹងខាងភាសាសំស្រ្កឹតរបស់លោក
។ ថ្ងៃមួយ
មានស្ត្រីបំរើពីរនាក់របស់ព្រាហ្មណ៍ពីរនាក់បានឈ្លោះទោះទែងគ្នា វាយតបគ្នាទៅវិញទៅមក ។
ព្រះពុទ្ធឃោសៈតែមួយអង្គគត់បានឃើញស្ត្រីទាំងពីរនាក់ឈ្លោះគ្នា ។
រឿងក្ដីបានឡើងទៅដល់តុលាការ ហើយព្រះរាជាជាអ្នកត្រូវកាត់សេចក្ដី ដោយទ្រង់ជឿទាំងស្រុងលើភស្តុតាងសរសេររបស់ព្រះពុទ្ធឃោសៈ
។ ព្រះរាជាទ្រង់មានបន្ទូលពោលសរសើរលោក
ដោយកត់សំគាល់ថា លោកជាមនុស្សម្នាក់មានបញ្ញាវាងវៃណាស់ ។ នៅពេលត្រឡប់ពីប្រទេសសីឡង់វិញ
ព្រះពុទ្ធឃោសៈបាននិមន្តទៅរកព្រះឧបជ្ឈាយ៍លោកក្នុងជម្ពូទ្វីប
ហើយទូលពុទ្ធដីកាដល់ឧបជ្ឈាយ៍ថាលោកបានសរសេរព្រះបរិយត្តិចប់សព្វគ្រប់ហើយ
។ បន្ទាប់មក
ព្រះពុទ្ធឃោសៈបាននិមន្តទៅផ្ទះឪពុក-ម្ដាយលោក
ដែលបានប្រគេនចង្ហាន់ដ៏មានឱជារស់បំផុតដល់លោក ។
ប្រភពខ្លះនិយាយថា ក្រោយពេលបានបញ្ចប់ការងាររបស់លោកនៅក្នងប្រទេសសីឡង់ហើយ
ព្រះពុទ្ធឃោសៈបាននិមន្តទៅប្រទេសភូមា ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅទីនោះ ។ ជនជាតិភូមាចាត់ទុកឱកាសនោះជាការបកសករាជថ្មីនៅក្នុងសាសនារបស់ពួកគេគឺនៅពេលដែលព្រះមហាអដ្ឋកថាចារ្យបាននិមន្តមកដល់ប្រទេសរបស់ពួកគេ
អំពីប្រទេសសីឡង់ ។ គេបាននិយាយថា
លោកបាននាំយកពីប្រទេសសីឡង់ មកប្រទេសភូមា
នូវគម្ពីរវេយ្យាករណ៍បាលីរបស់កច្ចាយនៈមួយច្បាប់, ដែលលោកបានប្រែជាភាសាភូមា,
និងបានសរសេរអត្ថាធិប្បាយលើវេយ្យាករណ៍បាលីនោះទៀតផង ។ កិច្ចការនេះ
មិនត្រូវបាននិយាយយោងដល់ដោយព្រះមោគ្គលា្លនត្ថេរ
ឬដោយអ្នកវេយ្យាករណ៍ប្រាក្រឹតទាំងឡាយទេ, ដោយលោកហេមចន្រ្ទៈ និងអ្នកដទៃទៀតទេ,
ហើយនវប្រហែលជាការទទួលស្គាល់ក្នុងចំណោមស្នាដៃទាំងឡាយដែលគេសន្មតដោយភ័ន្តច្រឡំថាជារបស់ព្រះពុទ្ធឃោសៈ។ សៀវ ភៅឧបមាកថាមួយក្បាល សរសេរជាភាសាភូមា
ក៏ត្រូវបានគេចាត់ទុកជាស្នាដៃរបស់លោកដែរ ។ ក្រមមនុ
របស់ភូមា (
The Burmese code of Manu ) ក៏ត្រូវបានគេនិយាយថា
បានបញ្ចូលមកក្នុងប្រទេសភូមា អំពីប្រទេសសីឡង់ ដោយព្រះពុទ្ធឃោសៈដែរ ។ ទោះបីជាកាលប្បវត្តិទាំងឡាយរបស់ប្រទេសសីឡង់
និងសិលាចារឹករបស់ភូមា ក្នុងសតវត្សទី៥ នៃគ្រឹស្តសករាជ មិនបាននិយាយដល់ចំណុចនេះក្ដី,
ក៏ស្នាដៃផ្ទាល់របស់ព្រះពុទ្ធឃោសៈ ដូចជា គម្ពីរអត្ថសាលិនី និង វិសុទ្ធិមគ្គ
ត្រូវបានជនជាតិភូមាស្គាល់ច្បាស់លាស់ណាស
ហើយគេមានជំនឿយ៉ាងជ្រាលជ្រៅក្នុងគម្ពីរទាំងនោះ តាំងតែពីព្រេងនាយមក ។ សូម្បីតែឥឡូវនេះ
ក៏ព្រះពុទ្ធឃោសៈត្រូវបានជនជាតិភូមាគោរពបូជាយ៉ាងខ្ពង់ខ្ពស់ ទុកដូចជាលោកកំពុងបានគង់ព្រះជន្មរស់ក្នុងចំណោមពួកគេដូច្នោះ
។
ព្រះធម្មកិត្តិ - ជាភិក្ខុជាតិសីហឡៈមួយអង្គ
- នៅពេលនិយាយរៀបរាប់ដល់រាជរបស់ព្រះបាទមហានាម ដែលជាស្ដេចនៃប្រទេសសីឡង់
ក្នុងបណ្ដាឆ្នាំទាំងឡាយ នាដើមសតវត្សទី៥ នៃគ្រឹស្តសករាជ ក៏បាននិទានអំពីជិវិត
និងស្នាដៃរបស់ព្រះពុទ្ធឃោសៈដែរ ។
នៅក្នុងការនិទាននេះ, ព្រះពុទ្ធឃោសៈ ត្រូវបានព្រះធម្មកិត្តិត្ថេរពិពណ៌នាថា
លោកជាយុវព្រាហ្មណ៍ កើតនៅទីជិតខាងនៃដើមមហាពោធិ៍ក្នុងរដ្ឋមគធៈ ។ យុវព្រាហ្មណ៍នេះចេះចាំវេទទាំងបី
ហើយមានសម្បទាធំធេងក្នុងការរៀនឆាប់ចេះចាំ ។ យុវព្រាហ្មណ៍
គឺជាមនុស្សមិនចេះនឿយហត់នឹងការសួរដេញដោលពីជំនឿប្រាជ្ញា
ហើយក្លាយទៅជាអ្នកគោចរដេញដោលជំនឿប្រាជ្ញាម្នាក់ក្នុងជម្ពូទ្វីប ។ យុវព្រាហ្មណ៍នេះ
មានទម្លាប់សូធ្យនៅពេលយប់នូវទ្រឹស្ដីនៃទស្សនវិជ្ជា បតញ្ជលី ។ ក្រោយមក,
គេបានមកទាក់ទងជាមួយព្រះមហាថេរព្រះនាមរេវតៈ ដែលបានដឹកនាំគេឱ្យជឿព្រះពុទ្ធសាសនា
។
ពុទ្ធឃោសៈជាមនុស្សជ្រាលជ្រៅណាស់ក្នុងសម្ដីវោហារ បីដូចជាព្រះពុទ្ធអង្គផ្ទាល់
។ ពេលលោកគង់នៅក្នុងជម្ពូទ្វីប
លោកបានតែសៀវភៅ ញាណោទយៈ និងបានសរសេរគម្ពីរ អត្ថសាលិនី , អដ្ឋកថា
នៃគម្ពីរធម្មសង្គណី ។
លោកជាមនុស្សមានចមណង់មុតមាំក្នុងការបកប្រែអដ្ឋកថាទៅជាភាសាមាគធី ឬភាសាមគធៈ
។
នៅពេលដែលសមត្ថភាពរបស់លោកត្រូវបានគេសាកល្បងដោយការផ្ដល់់ឱ្យគាថាពីរ
លោកជាអ្នកទទួលជោគជ័យក្នុងការសាកល្បងនោះ ហើយក្រោយមក លោកបានតែងគម្ពីរវិសុទ្ធិមគ្គ ។
លោកបានសរសេរអដ្ឋកថាបរិត្ត, ដែលមានន័យថា ឬមួយជាអដ្ឋកថាលើបរិត្ត, ឬមួយ, ប្រហែលជាដូច្នេះមែន
ជាអដ្ឋកថាសង្ខេបខ្លីលើបិដក ។
នាម រេវតៈ មិនឃើញមាននិយាយដល់នៅក្នុងសេចក្ដីយោងណាមួយដោយផ្ទាល់នៅក្នុងសំនេរទាំងឡាយរបស់ព្រះពុទ្ធឃោសៈទេ
។ តាមសេចក្ដីយោងទាំងនេះ
វាជាការច្បាស់ណាស់ថា ព្រះពុទ្ធឃោសៈបានគង់នៅ កាញ្ចិបុរៈ និង កន្លែងដទៃទៀត នៅក្នុងប្រទេសឥណ្ឌាភាគខាងត្បូង
មុនលោកបាននិមន្តទៅប្រទេសសីឡង់ ។ និគមវចនៈ
(ពោលគឺសេចក្ដីរសន្និដ្ឋាន ឬសេចក្ដីពន្យល់នៅទីបញ្ចប់ ឬនៅដើមសៀវភៅ
អំពីសម័យកាលនៃការនិពន្ធ, អំពីអ្នកនិពន្ធជាដើម) មិនបានបង្ហាញថា ពោធ-គយា
ជាទីកន្លែងកំណើតរបស់ព្រះពុទ្ធឃោសៈទេ ។
នៅក្នុងគម្ពីរ វិសុទ្ធិមគ្គ, បាដលីបុត្ត
ត្រូវបានលោកនិយាយយោងដល់ពីរដង, ប៉ុន្តែការស្គាល់របស់ព្រះពុទ្ធឃោសៈ
អំពីបាដលីបុត្តនេះ មិនច្បាស់លាស់សោះឡើយ ។
យោងតាមការរៀបរាប់របស់ព្រះធម្មកិត្តិ, គម្ពីអត្ថសាលិនី
ត្រូវបានតែងនិពន្ធមុនគម្ពីរវិសុទ្ធិមគ្គ, ចំណែកឯថាផ្ដើមរបស់គម្ពីរ អត្ថសាលិនី សន្មតថា
មានមុនយ៉ាងច្បាស់នៃអត្ថបទគម្ពីរវិសុទ្ធិមគ្គ ។
និគមវចនៈ របស់ព្រះពុទ្ធឃោសៈ ចំពោះគម្ពីរវិសុទ្ធិមគ្គ បញ្ជាក់យ៉ាងទូលំទូលាយ
នូវសេចក្ដីរៀបរាប់ពីការចូលរួមរបស់ព្រះពុទ្ធឃោសៈជាមួយព្រះសង្ឃបាល, ដ៏ជាព្រះថេរៈដឹកនាំនៃមហាវិហារនាកាលនោះ។ គម្ពីរចូលវង្ស បញ្ជាក់យ៉ាងច្បាស់ណាស់អំពីការស្នាក់នៅរបស់ព្រះពុទ្ធឃោសៈ
នៅក្នុងប្រទេសសីឡង់ នៅសម័យកាលនៃព្រះរាជា មហានាម (៤០៩-៤២១ គ.ស.)
ប៉ុន្តែ ពុំមានភស្តុតាងអក្សរចារឹកណាមួយ ដើម្បីកំណត់ពីសម័យកាលជាមួយគ្នានេះទេ (Synchronism)
។
ចំពោះករណីព្រះថេរៈពុទ្ធទត្តវិញ មានសេចក្ដីយោងដល់ថា លោកទាំងពីរមានឋានៈស្មើគ្នា,
ហើយព្រះពុទ្ធទត្តបានស្នើសុំដោយអំណរសាទរឱ្យព្រះពុទ្ធឃោសៈសរសេរគម្ពីរមួយស្ដីពី វិន័យ
។ ប្រសិនបើសេចក្ដីយោងដ៏សាមញ្ញនេះ
ត្រូវបានគេប្រកាន់យកជាមូលដ្ឋានរឹងមាំដើម្បីបញ្ជាក់ពីសហសម័យ
នៃព្រះអដ្ឋកថាចារ្យបាលីទាំងពីព្រះអង្គ, នោះព្រះពុទ្ធត្រូវបានគេចាត់ទុកជាសហកាលិករៀមច្បង
(ពោលគឺ អ្នករស់នៅស្រករគ្នា ប៉ុន្តែមានវ័យច្រើនជាង)។
គេពុំមានភស្តុតាងផ្ទាលើផ្សេងទៀតណាមួយ
ដែលភ្ជាប់ទំនាក់ទំនងព្រះថេរៈទាំងពីរដោយកាលប្បវត្តិនៅឡើយ។ ប៉ុន្តែព្រះពុទ្ធទត្ត និង
ព្រះពុទ្ធឃោសៈ គឺប្រាកដជាត្រូវបានចាត់ទុកជា សហកាលិក (គឺអ្នករស់នៅក្នុងសម័យកាលជាមួយគ្នា)។
ព្រះពុទ្ធទត្តៈ ជាអ្នកស្រុក ឧរគបុរៈ (ឧរ៉ៃយូរ) នៅជិត ត្រីឆិណូប៉ូលី (Trichinopoly) បច្ចុប្បន្ន។ ដោយព្រះឱស្ឋលោកផ្ទាល់ លោកតែងមានពុទ្ធដីកាដោយស្នេហាជាតិខ្ពស់
អំពីព្រះរាជាណាចក្រ ចោឡៈ ហើយតែងជាប់សកម្មភាពអក្សរសាស្ត្ររបស់លោកជាមួយ
នឹងរាជ្យរបស់ អច្ចុតវិកន្តៈ ឬ អច្ចុតវិក្កមៈ នៃសន្តតិវង្ស កលភៈ
ឬ កលម្ពៈ (កទម្ពៈ) ។
សេចក្ដីរៀបរាប់របស់ព្រះធម្មកិត្តិ ស្ដីពីភាពស្ទាត់ជំនាញរបស់ព្រះពុទ្ធឃោសៈ
ក្នុងគម្ពីរវេទ និងមែកធាងផ្សេងទៀតនៃលទ្ធិព្រាហ្មណ៍ គឺជាសេចក្ដីរៀបរាប់ដ៏ត្រឹមត្រូវ
។ ព្រះពុទ្ធឃោសៈបាននិយាយពីវេទទាំងបួន,
ជាអាទិ៍, ឥរុព្វេទ (ឫគ្វេទ), យជុវេទ,
សាមវេទ និង អត្ថព្វណវេទ
នៅក្នុងគម្ពីរ សុមង្គលវិលាសនី
របស់លោក ។ លោកបានបង្ហាញនូវការយល់ដឹងរបស់លោកអំពីការធ្វើពលិការតាមគម្ពីរវេទ
យ៉ាងលំអិតផងដែរ។ យោងតាមពុទ្ធដីកាលោក, យិដ្ឋៈ ត្រូវបានគេហៅថា មហាយាគៈ (ពលិការដ៏ធំ) ហើយ ហុតៈ
គឺជាការទទួលឱ្យស្នាក់អាស្រ័យ ផ្ដល់ជូនដល់មនុស្សទាំងឡាយ ចូលរួមក្នុងពិធីពលិការ។
លោកបាននិយាយដល់ អគ្គហោមៈ
ដែលជាឈ្មោះចេញមកពីហេតុដែលថា អគ្គិហោមៈ
ត្រូវបានប្រព្រឹត្តទៅដោយការដុតវត្ថុពលីក្នុងភ្លើង ឆេះឡើងដោយអុស។ ទព្វិហោមៈ គឺជាប្រភេទមួយបែបនៃអគ្គិហោមៈ
ហើយត្រូវបានគេហៅយ៉ាងនេះពីព្រោះពលិការនេះ ត្រូវបានធ្វើឡើងដោយការដាក់សំបក
(គ្រាប់ស្រូវ, គ្រាប់ធញ្ញជាតិឯទៀត ... ) ទៅក្នុងភ្លើងដោយស្លាបព្រាឈើ។ មុខហោមៈ គឺជាការធ្វើពលីការមួយបែបទៀត
ដែលនៅក្នុងការធ្វើពិធីនេះ គេបានព្រោះគ្រាប់ស្ពៃខ្មៅទៅក្នុងភ្លើង
ចេញពីមាត់អ្នកធ្វើពិធីបូជា។ លោហិតហោមៈ
ក៏ត្រូវបានគេពិពណ៍នាថាជាពលីការមួយបែបដែរ។
ប្រពៃណីបាននិយាយពីភាពស្និទ្ធស្នាលរបស់ព្រះពុទ្ធឃោសៈ ជាមួយប្រព័ន្ធបតញ្ជលិ (បតញ្ជលិមតៈ) ដែលសំដៅដល់ទ្រឹស្ដីសំខ្យាយោគៈ។
ទស្សនៈនេះ ត្រូវបានពោលរៀបរាប់ដោយសារការជជែករបស់លោក អំពីឋានៈនៃ អវិជ្ជា នៅក្នុងលទ្ធិពុទ្ធសាសនា ដោយប្រៀបធៀបជាមួយនឹង បកតិ (ប្រក្រតី) នៃ បកតិវាទ មានន័យថា ទស្សនវិជ្ជា សំខ្យា ។ ស័ព្ទ សមុនៈ, នៅក្នុងអដ្ឋកថាទាំងឡាយរបស់លោក,
តែងរំលឹកយើងឱ្យដឹងពីការជំពាក់គុណរបស់លោកចំពោះគម្ពីរ យោគសូត្រ របស់បតញ្ជលិ និងអដ្ឋកថារបស់ វ្យាសៈ
លើគម្ពីរនោះ។
ការចេះដឹងបន្តិចបន្តួចរបស់ព្រះពុទ្ធឃោសៈ
ជាមួយប្រព័ន្ធ ន្យាយៈ
គឺជាភស្តុតាងជាក់ស្ដែង ចេញមកពីការប្លែកន័យគ្នា
ដែលលោកបានកត់សម្គាល់រវាងស័ព្ទ ហេតុ
ដូចដែលគេធ្លាប់ប្រើនៅក្នុងពុទ្ធសាសនាថេរវាទ ហើយនិងស័ព្ទដដែល
ដូចដែលគេធ្លាប់យល់ជាទូទៅក្នុងន័យសន្មតិកម្មដ៏ចម្បងក្នុងវិចារណកម្ម ស៊ីឡូហ៊្សីស (Syllogistic reasoning) ។ រចនាបថ សរសេរជាពាក្យរាយរបស់ព្រះពុទ្ធឃោសៈ
នៅក្នុងប្រការជាច្រើនគឺដូច រចនាបថ សរសេរជាពាក្យរាយរបស់ បតញ្ជលី។ ពេលខ្លះលោកបានដកស្រង់ជាភាសាបាលី
នូវវេយ្យាករណសូត្ររបស់ បាណិនិ ។ បាណិនិ
មិនមានការយល់ទាស់ចំពោះ អាបត្តិ ក្នុងន័យនៃ ប្រាប្ដិ ទេ។ ក្នុងន័យនេះឯង អាបត្តិ
ត្រូវបានស្វែងរកដើម្បីពន្យល់នៅក្នុងគម្ពីរ សាមន្តបាសាទិកា។
ការពិពណ៍នាខាងកាយវិភាគសាស្ត្ររបស់ព្រះពុទ្ធឃោសៈ អំពីផ្នែកទាំងសាមសិបពីរ
នៃសរីរាង្គមនុស្ស ដូចលោកបានរៀបរាប់នៅក្នុងគម្ពីរវិសុទ្ធិមគ្គ បង្ហាញឱ្យឃើញនូវការចេះដឹងតិចតួចរបស់លោកចំពោះចំណេះដឹងខាងវេជ្ជសាស្ត្រ។
ចំណេះដឹងរបស់ព្រះពុទ្ធឃោសៈ អំពីគម្ពីរឧបនិស័ទ
មិនឃើញមាននិយាយក្នុងកន្លែងណាមួយនៅក្នុងអត្ថបទសរសេររបស់លោកទេ។
យុទ្ធកថាជាភសាសំស្ក្រឹតដ៏ធំពីរ គឺរឿង រាមាយនៈ និងរឿង មហាភារតៈ មិនឃើញលោកនិយាយដល់នៅក្នុងទីណាមួយ នៃស្នាដៃរបស់លោកឡើយ។
សេចក្ដីយោងរបស់លោកដល់រឿង មហាភារតយុទ្ធ
និងរឿង សីតាហរណៈ
នៅក្នុងគម្ពីរ សុមង្គលវិលាសនី
ត្រូវបានឃើញមាននៅក្នុងការភ្ជាប់នឹងការពន្យល់ពាក្យ អក្ខានំ ។
ចំពោះមុខការរបស់លោក
នៅក្នុងប្រទេសឥណ្ឌាភាកខាងត្បូងវិញ, ព្រះពុទ្ធឃោសៈ ក្នុងអំឡុងកាលនៅទីនោះ
បានរៀនចេះស្ទាត់គ្រប់គ្រាន់ក្នុងគម្ពីរបិដកទាំងបី។ ការប្ដូរសាសនារបស់លោក
ហើយនិងការបួសជាភិក្ខុពុទ្ធសាសនិក បានជួយលោកយ៉ាងសំខាន់ ឱ្យលោកសរសេរអត្ថបទមួយ
ដែលមានឈ្មោះថា : ញាណោទ័យ ឬ “ ការដុះដាលឡើងនៃវិជ្ជា
“ (The Awakening of knowledge) មុនពេលលោកនិមន្តទៅប្រទេសសីឡង់។
លោកបានភ្ជាប់អត្ថបទនេះ ជាអត្ថបទបន្ថែមទៅលើគម្ពីរធម្មសង្គណី,
ដែលជាគម្ពីរធំដំបូងរបស់អភិធម្មបិដក ។ លោកបានសរសេរអត្ថធម្មសាលិនីដែលជាអដ្ឋកថាដ៏សង្ខេបលើធម្មសង្គណី
។ គ្រូរបស់លោកគឺព្រះរេវតៈ ពេលនោះបានទូន្មាន
និងណែនាំឱ្យលោកព្រមនិមន្តទៅប្រទេសសីឡង់។ សកម្មភាពរបស់លោក មុនពេលបំពេញ
បេសកកម្មរបស់លោកទៅកាន់ប្រទេសសីឡង់ គឺត្រូវបានកំហិតនៅតែក្នុងប្រទេសចោឡៈ ឬ ទមិឡៈ
ក្នុងតំបន់ ដេក្កង់តែប៉ុណ្ណោះ។ លោកបានស្នាក់អាស្រ័យនៅ កាញ្ចិបុរៈ
និងកន្លែងដទៃទៀតជាមួយព្រះ ជោតិបាល, ហើយតាមសំណូមពររបស់ព្រះថេរៈអង្គនេះ
លោកបានសរសេរ សារត្ថប្បកាសិនី និង មនោរថបូរណី
។ លោកបាននិមន្តទៅទស្សនា មយូរសុត្តបដ្តនៈ
ឬ មយូររូបបដ្ដនៈ
(ប្រហែលជាភ្ជាប់ជាមួយមយវេរាម) ឋិតនៅដៃទន្លេកណ្ដាលមួយនៃកាវេរី ។ នៅទីនេះ
ព្រះពុទ្ធមិត្តត្ថេរបានសុំព្រះពុទ្ធឃោសៈឱ្យសរសេរបបញ្ចសូទនី ។
ស្នាព្រះហស្តរបស់ព្រះពុទ្ធឃោសៈរំលឹឱ្យយើងនឹកឃើញជនជាតិអន្ទកៈ (អន្រ្ធ) និង ទមិឡៈ
(ទ្រវិឌៈ) ដែលត្រូវបានគេចាត់ទុកថាមិនមែនជាប្រជាជន អរ្យ័ន ។ នៅក្នុងវិភង្គៈ-អដ្ឋកថា របស់លោក,
ព្រះពុទ្ធឃោសៈបានយោងដល់ភាសាមិនមែនអរ្យ័ន ដប់ប្រាំបី (មិលក្ខភសា) មានជាអាទិ៍ ដូចជា
ឱឌ្ឌៈ, កិរាតៈ, អន្រ្ធកៈ, យោណកៈ និង ទមិឡភាសា ។ នៅក្នុងសាមន្តបាសាទិកា,
ភាសាមិនមែនអរ្យ័នទាំងឡាយ ត្រូវបានតំណាងជាគំរូដោយអន្ធកភាសា និងទមិឡភាសា ។
ក្រោយពេលបានបង្ហើយគម្ពីរ ញាណោទ័យ
និងបញ្ចប់បេសកកម្មរបស់លោកនៅប្រទេសឥណ្ឌាភាគខាងត្បូង, ព្រះពុទ្ធឃោសៈបាននិមន្តទៅប្រទេសសីឡង់
ដែលលោកបានធ្លាប់ស្គាល់ថា សីហឡៈ ឬ តម្ពបណ្ណិ ។
ភាសាសីហឡៈត្រូវបានគេរាប់នៅក្នុងអដ្ឋកថា សុត្តនិបាត
ក្នុងបណ្ដាភាសាមិនមែនអរ្យ័ន (មិលក្ខភាសា -បរិយាបណ្ណា)។
សេចក្ដីរៀបរាប់របស់ព្រះធម្មកិត្តិ ចង្អុលប្រាប់ថា ព្រះពុទ្ធឃោសៈ
បានចាកចេញទៅប្រទេសសីឡង់ ក្រោយពេលបានទទួលសេចក្ដីណែនាំពីឧបជ្ឈាយ៍របស់លោក គឺព្រះថេរៈ
រេវតៈ។ យើងបានដឹងពីអវសានកថានៅក្នុងគម្ពីរ មនោរថបូរណី របស់លោកថា
លោកបានស្នាក់អាស្រ័យជាមួយព្រះជោតិបាល មិនមែននៅតែកាញ្ចិបុរៈ
និងកន្លែងទាំងឡាយផ្សេងទៀត នៅក្នុងចោឡៈ ឬ ទ្រាវិឌប្រទេសប៉ុណ្ណោះទេ, ប៉ុន្តែ
នៅមហាវិហារ ក្នុងកោះតម្ពបណ្ណិ ផងដែរ។ សេចក្ដីថ្លែងរបស់ព្រះពុទ្ធឃោសៈនេះ
ប្រសិនបើនេះជាការណ៍ពិតមែន, អាចមានន័យថា ព្រះជោតិបាល
មិនមែនសព្វព្រះទ័យតែអង្វរឱ្យព្រះពុទ្ធឃោសៈ ព្រមនិមន្តទៅប្រទេសសីឡង់នោះប៉ុណ្ណោះទេ,
ប៉ុន្តែខ្លួនលោកផ្ទាល់ បាននាំព្រះពុទ្ធឃោសៈទៅកាន់ទីនោះ។ ព្រះសង្ឃបាលត្ថេរ
កាលនោះគឺជាប្រមុខនៃមហាវិហារ។ គឺប្រហែលជាការពន្លើសដែលនិយាយថា
ព្រះពុទ្ធឃោសៈមិនត្រូវបានគេអនុញ្ញាតឱ្យប្រែអដ្ឋកថាទាំងឡាយដែលជាសីហឡៈភាសា,
មុនពេលសមត្ថភាពរបស់លោកត្រូវបានសាកល្បង, ពោលគឺ
មុនពេលលោកបានទទួលជោគជ័យក្នុងការសរសេរគម្ពីរវិសុទ្ធិមគ្គ។ ការសាកល្បងដំបូង
អំពីពហុសុតភាព និងសមត្ថភាពខាងបញ្ញារបស់លោក អាចត្រូវបានគេចាត់ទុកជាការងារធម្មតា។
វាអាចជាថា គេបានឱ្យលោកពន្យល់គាថាពីរបទដកស្រង់ចេញពីសំយុត្តនិកាយ, ប៉ុន្តែ
ពុំមានន័យថាការបង្កើតគម្ពីរដ៏ចម្បង ដូចជាគម្ពីរវិសុទ្ធិមគ្គ
គឺជាលទ្ធផលភ្លាមៗនោះទេ។ ភ័ស្តុតាងផ្ទៃក្នុងនៃស្នាដៃ
បញ្ជាក់ថាលោកបានសរសេរគម្ពីរនោះកើតចេញបានក្រោយពេលលោកមានឱកាសដ៏ទូលំទូលាយមួយ
សម្រាប់ឱ្យលោកសិក្សាអដ្ឋកថាទាំងឡាយជាភាសាសីហឡៈ
និងឱ្យលោកស្គាល់ជិតស្និទ្ធជាមួយទស្សនៈត្រឹមត្រូវរបស់គ្រូទាំងឡាយ
ដែលភ្ជាប់ខ្លួនទៅនឹងមហាវិហារ។ បណ្ណាល័យរបស់មហាវិហារប្រហែលជាត្រូវបានគេស្គាល់ថា គន្ថាករ ឬក៏ប្រហែលជា គន្ថាគារ ។
ស្នាព្រះហស្តទាំងបួន
ដែលលោកបានសរសេរភ្លាមៗ បន្ទាប់ពីគម្ពីរវិសុទ្ធិមគ្គរបស់លោក គឺអដ្ឋកថាទាំងឡាយលើ និកាយ បួនដំបូង ដែលត្រូវបានចេញបន្តបន្ទាប់មកទៀត
ដោយអដ្ឋកថាទាំងឡាយរបស់លោកលើគម្ពីរទាំងប្រាំពីរ នៃព្រះអភិធម្ម។ គម្ពីរវិសុទ្ធិមគ្គ ត្រូវបានសរសេរឡើងតាមសំណូមពររបស់ព្រះសង្ឃបាលត្ថេរ។
ក្នុងបណ្ដាអដ្ឋកថាលើនិកាយ ទាំងបួន,
គម្ពីរសុមង្គលវិលាសនី គឺលោកបានសរសេរឡើងតាមសំណូមពររបស់ព្រះទាឋនាគត្ថេរ
នៃសុមង្គលវិហារ, គម្ពីរ បបញ្ចសូទនី
តាមសេចក្ដីស្នើសុំរបស់ព្រះពុទ្ធមិត្តត្ថេរ នៃមយូរសុត្តបដ្ដនៈ ហើយគម្ពីរ សារត្ថប្បកាសិនី
និង មនោរថបូរណី តាមសេចក្ដីស្នើរបស់ព្រះជោតិបាលត្ថេរ ។ អដ្ឋកថាព្រះអភិធម្ម
ត្រូវបានគេនិយាយថា លោកបានសរសេរឡើងតាមសំណូមពររបស់ភិក្ខុពុទ្ធឃោសៈ ដែលឥឡូវនេះ
គេបញ្ជាក់ថាជាចុល្លពុទ្ធឃោសៈ នៃ គន្ធវង្ស
ហើយដែលគេសន្មតថា ជាអ្នកនិពន្ធគម្ពីរ បរមត្ថជោតិកា, ជាអដ្ឋកថាបន្តលើគម្ពីរទាំងបួន នៃខុទ្ទកនិកាយ។
បេសកកម្មអក្សរសាស្ត្ររបស់ព្រះពុទ្ធឃោសៈ នៅក្នុងប្រទេសសីឡង់
បានបញ្ចប់ជាមួយនឹងការសរសេរអដ្ឋកថាព្រះអភិធម្ម ចប់ដែរ។
ការសិក្សាដោយរិះគន់លើសៀវភៅ
ពុទ្ធឃោសុប្បត្តិ
មិនបានជួយយើងច្រើនក្នុការបំភ្លឺពីប្រវត្តិរបស់ព្រះពុទ្ធឃោសៈទេ។
អ្នកនិពន្ធសៀវភៅនេះ មានចំណេះច្បាស់លាស់តិចតួច។ គេគ្រាន់តែបានប្រមូលរឿងព្រេងទាំងឡាយ
និទានរៀបរាប់ជុំវិញព្រះពុទ្ធឃោសៈ។ តាមទស្សនៈប្រវត្តិសាស្ត្រ
រឿងព្រេងទាំងនោះមិនមានតម្លៃអ្វីជាធំដុំទេ។ ការនិយាយរៀបរាប់នៅក្នុងសៀវភៅ ពុទ្ធឃោសុប្បវត្តិ អំពីកំណើត, ជីវភាពពីដំបូង, ការប្ដូរជំនឿសាសនា, - ល - របស់មិលិន្ទៈ និងមោគ្គលិបុត្តតិស្សត្ថេរ។ នៅក្នុងការសាកសួរ
ដែលបានកើតមានរវាងព្រះពុទ្ធឃោសៈ និងព្រះពុទ្ធទត្តត្ថេរ, គេនិយាយថា
ព្រះពុទ្ធទត្តត្ថេរ បានប្រាប់ព្រះពុទ្ធឃោសៈ ថាដូច្នេះ : “ ខុំ្ញព្រះករុណានិមន្តទៅមុនលោក
ទៅកានប្រទេសសីឡង់
ដើម្បីប្រមូលចងក្រងពុទ្ធវចនៈ, ខុំ្ញព្រះករុណា ចាស់ហើយ,
មិនមានពេលវែងដើម្បីរស់រានយូរ ហើយដោយហេតុនេះនឹងមិនអាចបញ្ចប់ការងារបានទេ ។ លោកចូរបន្តការងារ
ឱ្យចប់ចុង - ដើមគួរជាទីពេញចិត្តផងចុះ “ ។ នៅក្នុងជំពូកទីប្រាំមួយ នៃគម្ពីរឃោសុប្បវត្តិ , យើងឃើញថា ព្រះពុទ្ធឃោសៈ
បានធ្វើឱ្យអក្សរគម្ពីរពុទ្ធសាសនាជាភាសាមាគធី, ហើយនៅក្នុងជំពូកទីប្រាំពីរ
មានសរសេរថា នៅពេលបីខែក្រោយមក, កាលបើលោកបានបញ្ចប់ការងាររបស់លោកហើយ,
ស្នាព្រះហស្តរបស់ព្រះមហិន្ទត្ថេរ ក៏ត្រូវបានគេគរ ហើយដុតចោល។
អ្នកនិពន្ធបានធ្វើកំហុសមួយនៅក្នុងជំពូកទីប្រាំមួយ គឺកំហុសដែលធ្វើឱ្យគេយល់ថា
ព្រះពុទ្ធឃោសៈបានបកប្រែគម្ពីរពីសីហឡៈទៅជាភាសាបាលី។ តាមពិត
ព្រះពុទ្ធឃោសៈបានបកប្រែតែអដ្ឋកថាទាំងឡាយជាភាសាសីហឡៈទៅជាភាសាមាគធី, ហើយមិនបានបកប្រែអត្ថបទគម្ពីទាំងឡាយផ្ទាល់ទេ។
បើសិនជាលោកបានបកប្រែអត្ថបទគម្ពីរដូច្នោះមែន, នោះប្រហែលជាពុំមានឱកាសណា
ដើម្បីដុតចោលស្នាព្រះហស្តរបស់ព្រះមហិន្ទត្ថេរទេ។ នៅក្នុងគម្ពីរ ចូលវង្ស
មាននិយាយយ៉ាងច្បាស់លាស់ថា នៅក្នុងជម្ពូទ្វីប មានតែអត្ថបទគម្ពីរជាភាសាបាលីប៉ុណ្ណោះ,
ហើយព្រះពុទ្ធឃោសៈ ត្រូវបានបញ្ជូនទៅប្រទេសសីឡង់ ដើម្បីឱ្យបកប្រែអដ្ឋកថាជាភាសាសីហឡៈ
ទៅជាភាសាបាលី។
ព្រះពុទ្ធឃោសៈ និងព្រះនាគសេន
ទាំងពីរព្រះអង្គនេះ បានបង្ហាញឱ្យឃើញនូវសញ្ញាដ៏អស្ចារ្យខាងបញ្ញា ក្នុងយុវវ័យរបស់លោក
។ ទាំងពីរអង្គអាចរៀនចេះចាំគម្ពីរវេទទាំងឡាយក្នុងរយៈពេលដ៏ខ្លីបំផុត។
ទាំងពីរអង្គបានចូលកាន់ព្រះពុទ្ធសាសនាតាំងពីវ័យក្មេងខ្ចី ។
ក្រោយពេលបានចូលកាន់ពុទ្ធសាសនាហើយ,
ព្រឹត្តិការណ៍ទាក់ទងនឹងជីវភាពរបស់ព្រះថេរៈទាំងពីរអង្គដ៏ល្បីល្បាញនេះ
មានលក្ខណៈប្រហាក់ប្រហែលគ្នា ។ ក្រោយពេលបានបួសរួច, ព្រះនាគសេនបានគិតថា
គ្រូរបស់លោកប្រហែលជាមនុស្សល្ងង់ ពីព្រោះលោកគ្រូបានបង្រៀន អភិធម្ម ដល់លោកជាដំបូង
ដោយមិនគិតដល់ពាក្យប្រៀនប្រដៅដទៃទៀតរបស់ព្រះពុទ្ធ ។ គ្រូរបស់លោកបានយល់នូវអ្វី
ដែលកំពុងប្រព្រឹត្តទៅនៅក្នុងសតិអារម្មណ៍របស់ព្រះនាគសេនហើយលោកក៏ស្ដីប្រដៅព្រះនាគសេន
។ ព្រះនាគសេនបានសុំខមាទោស ។ ព្រះពុទ្ធឃោសៈ ក៏បានគិតដូច្នោះដែរថា : “
អាត្មាអញ ឬ ឧបជ្ឈាយ៍របស់អាត្មាអញ ដែលបានយល់ជ្រាលជ្រៅព្រះពុទ្ធវចនៈ ? “ គ្រូរបស់ព្រះពុទ្ធឃោសៈ បានដឹងរឿងនេះហើយ
ក៏ស្ដីប្រដៅព្រះពុទ្ធឃោសៈ ។ ចំពោះកំហុសនេះ ព្រះពុទ្ធឃោសៈ ក៏បានសុំខមាទោស។
ការរៀបរាប់អំពីការប្ដូរជំនឿរបស់ព្រះពុទ្ធឃោសៈ
ក៏ស៊ីគ្នានឹងការប្ដូរជំនឿរបស់ព្រះមោគ្គលីបុត្តតិស្សៈ
ដូចដែលបានកត់ត្រានៅក្នុងកម្ពីរ មហាវង្ស
ដែរ។ អាសនៈ (កៅអី) របស់តិស្សៈ (គឺមោគ្គលីបុត្តតិស្សៈ) ត្រូវបានគេផ្ដល់ទៅឱ្យព្រះថេរៈអង្គណាមួយគង់,
ដែលលោកធ្លាប់តែនិមន្តជារៀងរាល់ថ្ងៃទៅកាន់ផ្ទះឪពុករបស់លោក ។ តិស្សៈ បានច្រឡោតខឹងដោយឃើញព្រះថេរៈគង់លើអាសនៈផ្ទាល់របស់ខ្លួន
។ តិស្សៈ បានសួរឱ្យព្រះថេរៈពន្យល់ចំណុចអាថ៌កំបាំងមួយចំនួននៅក្នុងគម្ពីវេទ,
ព្រះថេរៈក៏បានពន្យល់ចំណុចទាំងនោះរួចសព្វគ្រប់ ។ តិស្សៈ
ត្រូវបានព្រះថេរៈសួរសំណួរមួយតបវិញ នៅក្នុង ចិត្តយមកៈ ដែលធ្វើឱ្យតិស្សៈវិលក្បុង ។ តិស្សៈ
បានសួរព្រះថេរៈអំពី មន្ត្រៈ ជាអ្វី ។ នៅពេលដែលតិស្សៈ បានដឹងថាគឺជា ពុទ្ធមន្ត្រៈ,
តិស្សៈបានសុំឱ្យព្រះថេរៈចែករំលែកពុទ្ធមន្ត្រៈនោះ ដល់គាត់ផង ។ ព្រះថេរៈមានពុទ្ធដីកាថា,
“ អាត្មាចែករំលែកពុទ្ធមន្ត្រៈ ទៅឱ្យតែអ្នកណាដែលស្លៀកដណ្ដប់សំពត់របស់យើង
“ ។
យោងតាមគម្ពីរពុទ្ធឃោសុប្បត្តិ,
ពុទ្ធឃោសៈច្រឡោតខឹង, នៅពេលគាត់បានឃើញសមណព្រាហ្មណ៍មួយអង្គគង់លើអាសនៈ (កៅអី)
របស់គាត់ នៅក្នុងផ្ទះរបស់ឪពុកគាត់, គឺព្រាហ្មណ៍កេសី ។
នៅពេលដែលព្រះថេរៈបានឆាន់ចង្ហាន់រួចរាល់ហើយ, គាត់បានសួរលោកថា “ តើលោកចេះវេទទាំងឡាយឬទេ
ឬ តើលោកចេះដឹងខ្លះៗអំពីមន្ត្រៈផ្សេងៗឬទេ ? “
ព្រះថេរៈបានឆ្លើយតបថា “ អាត្មាចេះមិនត្រឹមតែវេទទាំងឡាយទេ,
ប៉ុន្តែ ចេះមន្ត្រៈមួយផ្សេងទៀត “ ។
ហើយបន្ទាប់មកព្រះថេរៈក៏បានសូធ្យវេទទាំងបី ។ ពុទ្ធឃោសៈ
បានសុំឱ្យព្រះថេរៈសូធ្យមន្ត្រៈរបស់លោក ។ ព្រះថេរៈបានសូធ្យផ្នែកខ្លះៗនៃ អភិធម្មបិដក ។ នៅពេលដែលពុទ្ធឃោសៈ ដឹងអំពីព្រះថេរៈថា នោះគឺជា
ពុទ្ធមន្ត្រៈ, ពុទ្ធឃោសៈក៏មានចំណង់ចង់ចេះពុទ្ធមន្ត្រៈនោះ ។ ពេលនោះ,
គាត់បានកោរក្បាល ដោយមានការអនុញ្ញាតពីឪពុកម្ដាយរបស់គាត់ផង បានសុំផ្នួស
ហើយបានក្លាយទៅជាបព្វជិតមួយរូប ។
ព្រះពុទ្ធឃោសៈ,
ក្រោយពេលបានបង្ហើយករណីយកិច្ចទាំងអស់របស់លោកក្នុងប្រទេសសីឡង់រួចហើយ,
ក៏បានត្រឡប់មកកាន់ជម្ពូទ្វីបវិញ ដើម្បីមកគោរពព្រះមហាពោធិព្រឹក្ស ។
នៅរយៈពេលចុងក្រោយ នៃជីវិតរបស់លោក, ព្រះពុទ្ធឃោសៈ
បានចំណាយពេលប្រតិបត្តិតាមក្រឹត្យវិន័យយ៉ាងតឹងរ៉ឹង
ក្រោយពេលបានដកខ្លួនចេញពីសកម្មភាពអក្សរសាស្ត្ររបស់លោក ។ លោកចំណាយពេលសេសសល់នៃជីវិតរបស់លោក
នៅពុទ្ធគយា ជាកន្លែងដែលោកទទួលអនិច្ចធម្ម ។ លោកបានសុគតដោយស្ងប់ស្ងៀម
ហើយបានទៅបដិសន្ធិឡើងវិញក្នុងឋានសួគ៌ ។
ពេលវេលាពិតប្រាកដនៃការសុគតរបស់លោក ត្រូវបានលោកដឹង
ហើយលោកបានត្រិះរិះដូច្នេះថា : “ មរណភាពមានបិប្រភេទគឺ សមុច្ឆេទៈ,
ខណិកៈ និង សម្មុតិ ។ ក្នុងបណ្ដាមរណភាពទាំងបីនេះ, មរណភាពទីមួយ
គឺជាមរណភាពរបស់បុគ្គលដែលគ្មានសៅហ្មង (វិមលបុគ្គល), មរណភាពទីពីរ
គឺជាការឈប់មួយខណៈនៃផលិតកម្ម - គំនិត (ខណិកក្ស័យ)
ហើយមរណភាពចុងក្រោយ គឺជាមរណភាពធម្មតារបស់សព្វសត្វ ។ ក្នុងបណ្ដាមរណភាពទាំងបីនេះ,
តើអាត្មាអញត្រូស្លាប់ដោយមរណភាពធម្មតាឬ ? “ សូម្បីតែនៅខណៈចុងក្រោយ
នៃជីវិតរបស់លោកហើយក៏ដោយ, ក៏ព្រះពុទ្ធឃោសៈ នៅតែមានទម្លាប់ពិចារណាបែបទស្សនវិជ្ជាដែរ
។ ដោយចងចាំជាប់ក្នុងព្រះទ័យនូវសិក្ខាបទទាំងឡាយដែលត្រូវប្រតិបត្តិតាម,
លោកបានរលត់សង្ខារ ហើយបានយោនយកកំណើជាថ្មីនៅក្នុងតុសិតសួគ៌ ។ អដ្ឋកថាទាំងឡាយរបស់លោក
ត្រូវបានបាត់សំឡេងនៅទីកន្លែងដែលលោកបានបញ្ចប់ដង្ហើមចុងក្រោយរបស់លោក ។
ប៉ុន្តែមានពាក្យនិយាយតៗគ្នាមកថា អ្នកស្រុកនៅប្រទេសកម្ពុជា តែងគិតថា
ព្រះពុទ្ធឃោសៈបានសុគតនៅក្នុងប្រទេសរបស់គេ ក្នុងវត្តដ៏ធំមួយ ហៅថា ពុទ្ធឃោសវិហារ ។ ក្រោយពេលបូជាសពលោករួចហើយ, ពួកព្រាហ្មណ៍
និងមនុស្សដទៃទៀត បានរើសអដ្ឋិធាតុរបស់លោក, បញ្ចុះអដ្ឋិធាតុទាំងនោះ
នៅក្នុងទីដ៏ពិសិដ្ឋជិតដើមពោធិព្រឹក្ស ហើយសង់ស្តូបលើអដ្ឋិធាតុទាំងឡាយនោះផង។
បុព្វាធិការី និង ឧត្តរាធិការី
(Predecessors and
successors)
ព្រះពុទ្ធឃោសៈ
បានមានពុទ្ធដីកាអំបីពួកបោរណៈ ឬ បោរណថេរ
ដោយបាននិយាយយោងដល់ព្រះថេរៈទាំងឡាយដែលរៀនព្រះធម៌អំពីគ្រូទាំងឡាយរបស់លោក
ហើយរក្សាទស្សនៈទាំងឡាយរបស់គ្រូលោក ។ លោកទាំងឡាយនោះ មិននាំយកមកពិនិត្យ នូវទស្សនៈរឹងត្អឹងឯណានិមួយរបស់ខ្លួនផ្ទាល់នោះទេ
។ យោតាមគម្ពីរគន្ធវង្ស, លោកទាំងឡាយនោះ គឺជាថេរៈដែលបានចូលរួមក្នុងដំណើរប្រព្រឹត្តទៅនៃសង្គាយនាពុទ្ធសាសនាទាំងបីលើកជាដំបូង
ហើយលោកទាំងនោះគឺជាអដ្ឋកថាចារ្យដែលបានគេស្គាល់ដំបូងគេ ដោយពិតប្រាកដ ។
បោរាណាចារិយៈ
គឺជាឈ្មោះមួយទៀតរបស់អដ្ឋកថាចារិយៈ (អដ្ឋកថាចារ្យ) ។ យើងមិនយល់ព្រមជាមួយលោកស្រី រីស
ដាវីដ (Mrs.
Rhys Davids) ដែលថាពួកបោរាណៈតំណាងនិកាយនៃគំនិតទស្សនវិជ្ជាដ៏ជាប់លាប់
(មិនផ្លាស់ប្ដូរ) ។ ក្នុងនាមនៃពួកបោរាណៈ, មានភាសិតជាប្រពៃណីខ្លះ
ដែលមានចារិតជារឿងព្រេង ឬ ជាទ្រឹស្ដី ត្រូវបានព្រះពុទ្ធឃោសៈលើកយកមកជាទីសំអាង ។
ភាសិតតែមួយគត់ដែលស័ក្តិសមនឹងកន្លែងរបស់ខ្លួននៅក្នុងអត្ថបទគម្ពីរចុងក្រោយ ដូចជា
គម្ពីរបរិវារៈ, គឺជាភាសិតមួយទាក់ទងនឹងខ្សែបន្ទាត់នៃវិន័យ
ដែលអាចារ្យទាំងលាយបានស្រង់យកមកពីព្រះមហិន្ទត្ថេរ និងសហធម្មិកទាំងអស់របស់លោក ។
សេចក្ដីសន្និដ្ឋាននេះអាចត្រូវបានគេចាត់ទុកជាគំរូដើមរបស់អាចារ្យទាំងឡាយ
នៅក្នុងគម្ពីរទីបវង្ស ។
យោងតាមពួកបោរាណៈ ឬពួកអ្នកបុរាណ (The Ancients),
ព្រះថេរៈទាំងឡាយដែលមាននាមថា មហិន្ទៈ, ឥដ្ឋិយៈ, ឧត្តិយៈ, សម្ពលៈ, និងភទ្ទសាល
បាននិមន្តពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសសីឡង់ ហើយមានបង្រៀនវិន័យ,
និកាយទាំងប្រាំរបស់ សុត្តបិដក (សុត្តន្តបិដក), ហើយនិងគម្ពីរទាំងប្រាំពីរនៃអភិធម្មបិដក ។ ព្រះពុទ្ធឃោសៈ បានអាងលើប្រភពរបស់ពួកអ្នកបុរាណ
នូវពេលលោកពន្យល់ទ្រឹស្ដីបដិច្ចសមុប្បាទ ។ លក្ខិណៈពិសេសមួយ
អំបីសេចក្ដីស្រង់របស់ពួកបោរាណៈ គឺថា សេចក្ដីស្រង់នោះទាំងអស់
សរសេរក្នុងទម្រង់ជាពាក្យកាព្យ, គំរូដើមនៃសេចក្ដីស្រង់មាននៅក្នុងគាថា
ដែលឧទ្ទិសចំពើព្រះថេរៈ ព្រះថេរីសម័យបុរាណ ។ ពួកបោរាណៈបាននិយាយថា : “ សីលធម៌គឺជាគ្រៀងអលង្ការរបស់ស្មូម, វាតុបតែងលំអគេ,
ដោយមានសីលធម៌ជាអលង្ការ, ស្មូមប្រែក្លាយទៅជាមនុស្សធំដុំ “ ។
ការសិក្សាដ៏ម៉ត់ចត់ អំពីអដ្ឋកថារបស់ព្រះពុទ្ធឃោសៈ នឹងជួយយើងឱ្យចាប់អារម្មណ៍
អំពីសេចក្ដីស្រង់របស់ពួកបោរាណៈ ។
ពួកភាណកៈ ធ្លាប់តែរក្សា
និងផ្សព្វផ្សាយអត្ថបទគម្ពីរតាមទម្លាប់ផ្ទាល់មាត់ ។ អត្ថបទផ្ទាល់មាត់ទាំងឡាយ ត្រូវបានបន្តពីអាចារ្យមួយទៅអាចារ្យមួយ
(អាចារិយបរម្បរាយៈ), រហូតដល់អត្ថបទទាំងនោះត្រូវបានសរសេកត់ត្រាជាអក្សនៅក្នុងប្រទេសសីឡង់
ក្នុងអំឡុងរាជ្យព្រះបាទវដ្ដគាមណី, ហើយនៅក្នុងប្រទេសឥណ្ឌា
ក្នុងអំឡុងរាជ្យព្រះបាទកណិស្កៈ ។ នៅក្នុងសេចក្ដីផ្ដើមនៃគម្ពីរសុមង្គលវិលាសនី, ព្រះពុទ្ធឃោសៈបានភ្ជាប់ប្រភពដើមនៃក្រុមផ្សេងៗ (the different schools) របស់ពួកភាណកៈ ទៅនឹងកិច្ចការសង្គាយនាពុទ្ធសាសនាលើកទីមួយ,
ដោយប្រការដូច្នេះថា : គ្រាន់តែអត្ថបទវិន័យត្រូវបានព្រះឧបាលីសូធ្យចប់ភ្លាម,
ព្រះមហាកស្សបៈជាប្រធាននៃសង្គាយនាទីមួយនោះបានប្រគល់ឱ្យលោក (ព្រះឧបាលី)
នូវកិច្ចការថែរក្ស អត្ថបទវិន័យ
ដោយការសូធ្យក្នុងចំណោមសហធម្មិកទាំងឡាយរបស់លោក ។ ការសូធ្យគម្ពីរ ទីឃនិកាយ ត្រូវបានបន្ទុកបណ្ដាក់តាមរបៀបដូចគ្នា
ទៅឱ្យព្រះអានន្ទ និងសហធម្មិករបស់លោក, ចំណែកឯការសូធ្យគម្ពីរ មជ្ឈិមនិកាយ ត្រូវបានប្រគល់ទៅឱ្យក្រុមរបស់ព្រះសារិបុត្ត ។
ការសូធ្យគម្ពីរអង្គុត្តរនិកាយ ត្រូវបានប្រគល់ទៅឱ្យសហធម្មិករបស់ព្រះអនុរុទ្ធ,
ចំណែឯការសូធ្យគម្ពីរ សំយុត្តៈ
ត្រូវបានរក្សាទុកក្រោមការគ្រប់គ្រងរបស់ព្រះមហាកស្សបៈផ្ទាល់ ។
អដ្ឋកថាដំបូងៗ
ដែលលោកស្រី រីស ដាវីដ ( Mrs. Rhys Davids) បានស្សង់ចុះក្នុងបញ្ជី មានចំនួនប្រាំមួយ :
គឺ (១) អដ្ឋាកថារបស់ពួកអ្នកតាំងលំនៅក្នុងឧត្តរវិហារ នៅអនុរាធបុរៈ,
(២) មូលអដ្ឋកថា ឬ មហាអដ្ឋកថា ហៅយ៉ាងសាមញ្ញថា
អដ្ឋកថារបស់ពួកអ្នកតាំងលំនៅក្នុងមហាវិហារ នៅអនុរាធបុរៈ ដែរ, (៣) អន្ធ-អដ្ឋកថា, បន្សល់ទុកមកនៅកាញ្ចិបុរៈ
ក្នុងប្រទេសឥណ្ឌាភាគខាងត្បូង, (៤) មហាបច្ចរី ឬ ក្បូនធំ, មានឈ្មោះហៅដូច្នេះ
ពីព្រោះអដ្ឋកថានោះត្រូវបានតាក់តែងឡើងនៅលើក្បូនត្រង់កន្លែងណាមួយក្នុងប្រទេសសីឡង់,
(៥) ករុណ្ឌអដ្ឋកថា, ត្រូវបានគេហៅដូច្នេះ ពីព្រោះ អដ្ឋកថានោះ
ត្រូវបាននិពន្ធចងក្រងឡើងនៅ កុរុណ្ឌវេឡុ-វិហារ
ក្នុងប្រទេសសីឡង់, (៦) សង្ខេប-អដ្ឋកថា ឬ អត្ថាធិប្បាយសង្ខេប ដែលត្រូវបានគេចាត់ចូលជាមួយនឹងអន្ធ-អដ្ឋកថា, ប្រហែលជានៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ មហាបច្ចរី,
មហាកុរុណ្ឌិយៈ, និង អន្ធ-អដ្ឋកថាត្រូវបានគេស្រង់ឈ្មោះ
និងលើកយកមកពិភាក្សានៅក្នុងគម្ពីរសាមន្តបាសាទិកា, ជាអត្ថាធិប្បាយអំពីវិន័យ ។
គេអាចសន្មតដោយសមហេតុ-ផលថា អដ្ឋកថាទាំងឡាយនោះ
ទាក់ទងជាសំខាន់ជាមួយការបកស្រាយសិក្ខាបទនៃ វិន័យ ។ គម្ពីរវិសុទ្ធិមគ្គ
និយាយយោងដល់អដ្ឋកថាវិន័យពីដំបូងជាភាសាសីហឡៈ ។
ប៉ន្តែដោយផ្អែកតែលើហេតុការណ៍នេះប៉ុណ្ណោះ គេមិនអាចសន្និដ្ឋានបានថា អដ្ឋកថា មហាកុរុណ្ឌិយៈ
និងមហាបច្ចរី, ដែលដកស្រង់ និងពិភាក្សាជាភាសាសីឡៈ, នៅពេលនោះមានអត្ថិភាពហើយនោះទេ ។ អាគម-អដ្ឋកថា ដែលព្រះពុទ្ធឃោសៈបានពឹងផ្អែក,
ពេលលោកធ្វើអត្ថាធិប្បាយលើ និកាយ បួនដំបូង, និងបោរាណអដ្ឋកថា,
ដែលផ្អែកនៅលើអដ្ឋកថានេះ, លោកបានធ្វើអត្ថាធិប្បាយទាំងឡាយលើគម្ពីរព្រះអភិធម្ម, គឺគម្ពីរជាតក,
ពុទ្ធវង្ស, ចរិយាបិដក និង អបទាន
។ អដ្ឋកថាទាំងពីរនេះ (អាគមៈ-អដ្ឋកថា និង បោរាណៈ-អដ្ឋកថា) គឺជាចំណែករបស់ មហាអដ្ឋកថា ។ ក្នុងឋានៈជាសមាជិក មួយអង្គ
នៃមហាវិហារ, ព្រះពុទ្ធឃោសៈបានអនុវត្តតាមយ៉ាងម៉ត់ចត់នូវប្រពៃណី
ធ្វើអត្ថាធិប្បាយរបស់មហាវិហារ ហើយទាត់ចោល ឬ យកចេញនូវទស្សនៈទាំងឡាយរបស់គ្រូ
(អាចារ្យ) នៃនិកាយអភយគិរី ។ ទីឃ-អដ្ឋកថា, មជ្ឈិម-អដ្ឋកថា, សំយុត្តៈ-អដ្ឋកថា, និង អង្គុត្តរៈ-អដ្ឋកថា គឺជាផ្នែកសំខាន់បួនរបស់អាគមៈ-អដ្ឋកថា ។ ជាតក-អដ្ឋកថា ត្រូវបានគេបញ្ចូលទៅក្នុង បោរាណៈ-អដ្ឋកថា ។ ការកត់សម្គាល់ដដែលនេះ
ក៏អនុវត្តដល់ប្រសិទ្ធភាពស្មើគ្នាចំពោះអដ្ឋកថារបស់ព្រះពុទ្ធឃោសៈ
លើគម្ពីរព្រះអភិធម្ម វៀរលែងតែគម្ពីរអត្ថសាលិនីចេញ ។ វាអាចជារឿងពិតដែលថា បោរាណៈ-អដ្ឋកថា គឺជាឈ្មើមួយទៀត សម្រាប់ហៅ មហា-អដ្ឋកថា, និយាយជារួម ។ វាអាចកើតមានថា អដ្ឋកថា
ជាភាសាសីហឡៈដំបូងគេ មិនមានអត្ថាធិប្បាយលើគម្ពីរទាំងអស់របស់ ខុទ្ទកនិកាយ
ទេ ។
ទស្សនៈទាំងឡាយដែលព្រះពុទ្ធឃោសៈ
បានដកស្រង់ដាក់ក្នុងស្នាព្រះហស្តរបស់លោក ក្នុងនាមព្រះនាគសេន
គឺតាមពិតទៅជាទស្សនៈមាននៅក្នុងមិលិន្ទបញ្ហា ។ ការជជែកដេញដោលរវាងព្រះនាគសេន
និងស្ដេចមិលិន្ទៈ មាននិយាយរៀបរាប់នៅក្នុង មិលិន្ទបញ្ហា ។ គេនិយាយថា
ការជជែកដេញដោលនេះ បានកើតមានឡើងប្រាំសតវត្ស ក្រោយពេលប្រះពុទ្ធបរិនិព្វាន
ពោលគឺក្នុងសតវត្សទីមួយនៃគ្រឹស្តសករាជ ។ ការជជែកដេញដោលនេះ
សន្មតថាកើតមានមុនយ៉ាងច្បាស់នៃវាទប្បដិវាទ (Controversies) នៅក្នុងគម្ពីរកថាវត្ថុ
។ កាលបរិច្ឆេទ នៃគម្ពីរកថាវត្ថុនេះត្រូវបានគេកំណត់ថានៅឆ្នាំទី ១៨
នៃរាជ្យព្រះបាទអសោក និង ២៣៦ ឆ្នាំ មុនគ្រឹស្តសករាជ ។
មហាកច្ចានៈ
គឺជាអ្នកនិពន្ធដ៏មានល្បីឈ្មោះ នៃស្នាដៃពីរគឺនេត្តិ និង បេដកោបទេស
ស្ដីពីវិធីសាស្ត្រពន្យល់ ឬ បកប្រែគម្ពីរ ដែលត្រូវបានគេធ្វើឱ្យរីកចម្រើនក្នុងពុទ្ធសាសនាថេរវាទ,
ស្រករគ្នានឹង តន្ត្រយុក្តិ នៅក្នុងអថ៌សាស្ត្រ របស់លោក កៅដិល្យៈ, សុស្រុត-សំហិតា
និងស្នាដៃរបស់ព្រាហ្មណ៍ដទៃទៀត ។ មហាកច្ចានៈ មាននាមដូចគ្នានឹងព្រះថេរៈមហាកច្ចានៈ
ដែរ ។ ក្នុងបណ្ដាស្នាដៃទាំងពីរ, បេដកោបទេស ត្រូវបានដកស្រង់ដោយមានឈ្មោះត្រឹម
បេដកៈ នៅក្នុងគម្ពីរសាមន្តបាសាទិកា ។ ព្រះធម្មបាល
បានសរសេរអត្ថាធិប្បាយលើស្នាដៃទាំងនោះ ។
ទំនាក់ទំនងខាងប្រវត្តិសាស្ត្ររវាងស្នាដៃទាំងពីរ ហើយនិង មិលិន្ទៈ
ឋិតក្នុងអន្ធការភាពពោលគឺពុំច្បាស់ ។ ព្រះពុទ្ធឃោសៈ
មិនបានដកស្រង់ប្រភពសំអាងពីស្នាដៃទាំងពីរក្នុងនាមរបស់មហាកច្ចានៈ ទេ ។
ស្នាដៃទាំងពីរនេះ មានតម្លៃក្នុងទំនាក់ទំនងចំពោះគម្ពីរថរវាទ ដូចគ្នានឹង និរុក្តៈ
របស់ យាស្កៈ មានតម្លៃចំពោះគម្ពីរវេទ, ហើយវិធីសាស្ត្ររបស់ស្នាដៃទាំងពីរ
ហាក់ដូចជាបានរីកចំរើន ជាសំខាន់ លើខ្សែបន្ទាត់របស់គម្ពីរ និទ្ទេស ឬ វិភង្គៈ
ដែលព្រះថេរៈមហាកច្ចានៈ បានសាកល្បងរួចមកហើយ ។
សេចក្ដីត្រូវការឱ្យមានការបកស្រាយដ៏ត្រឹមត្រូវនូវព្រះពុទ្ធវចនៈ
ត្រូវបានគេចាប់អារម្មណ៍តាំងពីដំបូងទីម៉្លេះ
សូម្បីនៅពេលព្រះបរមគ្រូកំពុងមានព្រះជន្មនៅឡើយ ។
នៅពេលនោះគេបានលើកយសំណួរដ៏ចម្រូងចម្រាសសុំឱ្យព្រះបរមគ្រូផ្ទាល់ដោះស្រាយ ។
គឺនៅពេលនោះហើយដែលយើងបានជួបនឹងដំណាក់កាលដំបូងនៃដើមកំណើតធ្វើអត្ថាធិប្បាយក្នុងពុទ្ធសាសនា
។ ភស្តុតាងដែលមានទាំងអស់ចង្អុលប្រាប់ហេតុការណ៍ថា : ក្នុងរង្វង់ពេលប៉ុន្មានឆ្នាំ
នៃការត្រាស់ដឹងរបស់ព្រះពុទ្ធ, ទីតាំងពុទ្ធសាសនា
ត្រូវបានស្ថាបនាឡើងនៅក្នុងកន្លែងផ្សេងៗ មានទីតាំងជាប់ទីក្រុង និងបុរីជាច្រើន ។
នៅកន្លែងនិមួយៗ ក៏កើតមានសហគមន៍ភិក្ខុសង្ឃ ឋិតក្រោមការដឹកនាំ
និងក្រោមការណែនាំរបស់សាវ័កដ៏មានកិត្តិស័ព្ទមួយអង្គ របស់ព្រះពុទ្ធ ។
ដោយអនុវត្តតាមក្រឹត្យវិន័យជាតាបស ឬ ជាអាចារ្យ (គ្រូ) គោចរ,
បព្វជិតទាំងឡាយមានទម្លាប់គង់ក្នុងរដូវភ្លៀង នៅក្នុងឱទ្យានកំសាន្តរបស់ព្រះរាជា ឬ
ក្នុងវិហារ ។ ការសាកសួរសុខទុក្ខជាមិត្តភាព
និងការទៅមករកគ្នាម្ដងម្កាលតាមបែបអ្នកចេះដឹងសហសម័យ គេមិនបានដឹងច្បាស់ទេ ។
ក្នុងចំណោមអ្នកដឹកនាំភិក្ខុសង្ឃផ្សេងៗ, មានភិក្ខុសង្ឃខ្លះ
មានឋានៈខ្ពង់ខ្ពស់ខាងទ្រឹស្ដី, ខ្លះខាងវិន័យ, ខ្លះខាងការអធិប្បាយធ្វើវិភាគ,
ខ្លះខាងការប្រព្រឹត្តតបកម្ម, ខ្លះខាងសំដែងធម៌, ខ្លះខាងទស្សនវិជ្ជា, ខ្លះខាងកំណាព្យ
- ល - ។
ក្នុងចំណោមសាវ័កជិតស្និទ្ធរបស់ព្រះពុទ្ធ, មានមនុស្សខ្លះ មកពីត្រកូលព្រហ្មណ៍
ហើយចេះស្ទាត់ជំនាញគម្ពីរវេទ និងអក្សរសាស្ត្រវេទទាំងមួល ។
គ្រូគោចរ នៅសម័យកាលនោះ
តែងត្រាច់ចរនៅក្នុងប្រទេស, ចូលរួមគ្រប់ទីកន្លែងដែលគេឈប់សម្រាក
ក្នុងការជជែកសាកសួរដេញដោល ស្ដីពីកិច្ចការនានា ទាក់ទងនឹងសាសនា, ទស្សនវិជ្ជា,
សីលធម៌, ចរិយាធម៌ និង បែបបទគ្រប់គ្រងប្រទេស ។ កាលណាមានទស្សនវិទូដ៏សំខាន់ណាមួយ
និយាយផ្ដេសផ្ដាស បន្ដុះបង្អាប់ព្រះពុទ្ធ, ព្រះធម៌ និងព្រះសង្ឃ,
កាលណាមានទស្សនវិទូបែបនេះណាមួយបកស្រាយខុសនូវទស្សនៈរបស់ព្រះពុទ្ធ,
កាលណាមានការជជែកដេញដោលដ៏ក្ដៅគគុកណាមួយបានផ្ទុះឡើងនៅក្នុងចំណោមភាតរភាពសហសម័យ ឬ
កាលណាមានភិក្ខុណាមួយប្រព្រឹត្តអនាចារ, ព្រះពុទ្ធ ឬ
ក៏សាវ័ករបស់ព្រះអង្គតែងដាសតឿនឱ្យភិក្ខុទាំងឡាយទៅជួយការពារផលប្រយោជន៍របស់គេទាំងឡាយនោះ
។
សំណួរ
និងចម្លើយដ៏ពេញលេញនៃស័ព្ទសំខាន់ៗ និងអត្ថបទដកស្រង់ពីគម្ពីរ
ត្រូវបានគេសន្មតថាជាស្នាដៃរបស់ព្រះសារិបុត្ត ហើយត្រូវបានគេស្គាល់ជាទូទៅថា សង្គីតិសុត្តន្តៈ ។ អត្ថបទជាភាសាសំស្ក្រឹតពុទ្ធសាសនា
នៃគម្ពីរសង្គីតិសុត្តន្តៈនេះមានបកប្រែជាភាសាទីបេត៍ និងភាសាចិន ក្រោមឈ្មោះថា សង្គីតិបរិយាយសូត្រ ។ វិធីប្រមូលផ្ដុំប្រធានបទផ្សេងៗ
ដាក់ក្រោមចំណងជើងលេខរៀង និងវិធីពន្យល់ដោយមធ្យោបាយរៀបរាប់យ៉ាងសាមញ្ញ
ដែលព្រះសារិបុត្តបានអនុវត្ត, ផ្ដល់លក្ខណៈសម្គាល់គម្ពីរពីរ
ក្នុងបណ្ដាចង្កោមគម្ពីរចាស់ជាងគេ គឺសំយុត្តៈ និងអង្គុត្តរៈ ហើយនិងគម្ពីរខ្លះនៃ អភិធម្មបិដកៈ,
ជាពិសេសគឺ បុគ្គលប្បញ្ញត្តិ ។
ព្រះសារិបុត្តមិនបានបញ្ចប់បញ្ជីទេ ។ នៅមានសាវ័កល្បីឈ្មោះ
និងមានចំណេះជ្រៅជ្រះផ្សេងទៀតរបស់ព្រះពុទ្ធ ។ ក្នុងចំណោមសាវ័កទាំងនោះ
មានសាវ័កខ្លហជាស្ត្រីភេទ, ដែលបានជួយតាមលទ្ធភាពរបស់ខ្លួន ធ្វើឱ្យមានដំណើររីកចម្រើនខាងការធ្វើអត្ថាធិប្បាយ
។ ចូរយើងលើកយកជាឧទាហរណ៍ ករណី ព្រះថេរៈមហាកច្ចានៈ
ដែលមិនសូវគាប់ព្រះទ័យនឹងការរៀបរាប់ជាស្វ័យប្រវត្តិ, ហើយបានបង្កើតស័ព្ទបច្ចេកទេស
ដូចជាព្រះសារីបុត្តបានធ្វើដូច្នោះទេ ។ លោកដាក់កំហិតដល់ខ្លួនលោក
ត្រឹមតែការបកស្រាយអត្ថន័យបង្កប់ខាងក្នុង និងខ្លឹមសារទស្សនវិជ្ជាដ៏ពិត
នៃគោលកាណ៍ដំបូងរបស់ព្រះពុទ្ធ ។ នៅក្នុងមជ្ឈិមនិកាយ, យើងបានឃើញសេចក្ដីរៀបរាប់
ដ៏វែងរបស់លោក លើការកត់សម្កាល់ពិសេស ឬលើភាពផ្សេងគ្នានៃស័ព្ទអរូបីបច្ចុប្បន្ន ។
ភាគដំបូងនៃសេចក្ដីពន្យល់របស់ព្រះមហាកោដ្ឋិតៈ អាចនិយាយបានថា
ជាគ្រឹះប្រវត្តិសាស្ត្រនៃលក្ខណហារ ក្នុងនេត្តិប្បករណៈ, នៃអត្ថបទខ្លះៗ របស់មិលិន្ទបញ្ហា
និងសេចក្ដីរៀបរាប់ខ្លះៗ ក្នុងអត្ថាធិប្បាយរបស់ព្រះពុទ្ធឃោសៈ ។ ព្រះមោគ្គលា្លន,
ព្រះអានន្ទ, ព្រះធម្មទិន្នា និងព្រះខេមា បានធ្វើវិភាគទានប្រហាក់ប្រហែលគ្នា ។
អត្ថបទគម្ពីរទាំងឡាយមានសេចក្ដីបកស្រាយពន្យល់ជាពាក្យរាយ
ឬមានអត្ថាធិប្បាយមួយពាក្យម្ដងៗ ។ គេបានចាត់ថ្នាក់អត្ថបទគម្ពីរទាំងនោះថា វេយ្យាករណៈ
។ គម្ពីរព្រះអភិធម្មទាំងឡាយ វៀរលែងតែគម្ពីរ កថាវត្ថុ តែមួយចេញ
ក៏ត្រូវបានគេចាត់ចូលក្នុងនិយមន័យនៃ វេយ្យាករណៈ ដែរ ។ កថាវត្ថុ
ដែលជាគម្ពីវាទប្បដិវាទពុទ្ធសាសនាមួយ (Buddhist controversies) ទាក់ទងទៅនឹងសម័យកាលព្រះបាទអសោក
បានដើរតាមខ្សែបន្ទាត់រីកចម្រើនមួយផ្ទាល់ដោយឡែករបស់ខ្លួន ។
តាមរយៈវាទប្បដិវាទ,គេអាចមើលឃើញដោយជាប់ចិត្ត នូវវិធីបកស្រាយប្រកបដោយស្មារតីរិះគន់
លើចំណុចអាថ៌កំបាំង ហើយមានសារសំខាន់ផ្សេងៗរបស់លទ្ធិពុទ្ធសាសនា ។
វិធីសាស្ត្រប្រែផ្តិតគម្ពីរសរសេរទុកក្នុងគម្ពីរ នេត្តិ និង បិដកោបទេស
អាចត្រូវបានគេចាត់ទុកជាជំហានមួយវែងឆ្ងាយ ពីដំណាក់កាលនៃគម្ពីរនិទ្ទេសៈ ឬវិភង្គៈ,
ដូចគ្នានឹងការជជែកដេញដោលនៅក្នុងមិលិន្ទៈ
អាចត្រូវបានគេចាត់ទុកជាជំហានមួយវែងឆ្ងាយពីបដិវាទកម្មទាំងឡាយនៅក្នុង កថាវត្ថុ ។
ខ្សែបន្ទាត់ពីរនេះនៃដំណើរធ្វើអត្ថាធិប្បាយពីមុន ត្រូវគេរកឃើញនៅទីបំផុតក្នុងអដ្ឋកថា
។
ព្រះពុទ្ធទត្ត,
ព្រះចុល្លពុទ្ធឃោសៈ, ព្រះពុទ្ធឃោសៈ ទី III, ព្រះធម្មបាល, ព្រះឧបសេន និងព្រះមហានាម
គឺជាអ្នកបន្តវេនអំពីព្រះពុទ្ធឃោសៈ ដ៏គួរឱ្យកត់សម្គាល់ ។
(នៅមានត)